ភ្នំពេញ៖ កម្ពុជានៅតែប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនចំពោះការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមនុស្សធម៌ ជាកិច្ចខិតខំប្រឹងប្រែងជាងបីទសវត្សរ៍ ដែលបានកាត់បន្ថយការស្លាប់ដោយគ្រាប់មីន និងបានរំដោះផ្ទៃដីជាច្រើនសម្រាប់ការអភិវឌ្ឍន៍។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនតាមរយៈ Video Conference បន្ទាប់ពីកិច្ចព្រមព្រៀងសម្រេចបានក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុងកាលពីដើមខែនេះ។
ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នឹងសម្របសម្រួលការងារដោះមីនក្នុងតំបន់អាទិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមការព្រមព្រៀងរបស់ភាគីទាំងពីរ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះធ្វើឡើងលើដំណើរដ៏វែងឆ្ងាយ និងលំបាករបស់កម្ពុជា ក្នុងការដោះស្រាយមរតកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO)។
លោកស្រីបញ្ជាក់ថា៖ «ចំពោះកិច្ចការងារដោះមីនមនុស្សធម៌នេះ ព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ»។
ជាលទ្ធផល ក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានបន្ថយចំនួនជនរងគ្រោះដោយសារគ្រាប់មីនពី ៤០០០នាក់ ក្នុងមួយឆ្នាំក្នុងទសវត្ស ៩០ មកនៅក្រោម ១០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០ និងបានរំដោះផ្ទៃដីប្រមាណ ៣ ៣០៧ គីឡូម៉ែត្រការ៉េ និងបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤.៣ លានគ្រាប់។
ប្រទេសកម្ពុជាបានចូលរួមចំណែកកងទ័ពក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបានបញ្ជូនអ្នកជំនាញការបោសសម្អាតមីន ដើម្បីជួយដល់ប្រទេសដែលរងផលប៉ះពាល់ពីជម្លោះផ្សេងទៀត។លោកស្រី សុជាតា បានថ្លែងថា៖ «កម្ពុជាជាប្រទេសដែលបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះដោយសារសង្គ្រាម និងគ្រាប់មីន ទៅជាប្រទេសចូលរួមរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងចូលរួមបោសសម្អាតមីននៅប្រទេសដែលរងគ្រោះដោយសារសង្គ្រាមផងដែរ»៕
